សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦

ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦

នៅពេល​សិង​លក់ សម្រាន្ត​លក់ សភាវ​លោកមិន​ប្រាកដ ឡើយ មិន​មាន​អ្វី​ប្រាកដ​ទាំង​អស់ មិន​មាន​វិថីចិត្ត អត់​ឃើញ អត់​ឮ អត់ដឹង​ក្លិន អត់​ដឹង​រស អត់​ដឹងផោដ្ឋព្វៈ និង អត់ដឹងថា ខ្លួន​ឯង​ជា អ្នក​ណា នៅទី​ណា ពោល​គឺ​អត់​ដឹង​អ្វី​ទាំង​អស់ ។ 

ភវង្គចិត្ត មាន ខណៈ​កើតហើយ​រលត់ រួចទៅ​កើតបន្ត​យ៉ាង​លឿន​រហ័ស​មាន​​​កិច្ច រក្សាភព​ដែល​បដិសន្ធិ សន្មត​ថា​ជាបុគ្គល​សឹង​លក់ ឬ​សម្រាន្ត​លក់ ដេក​លក់ រហូតដល់ភ្ញាក់ ឃើញទៀត ឮទៀត នឹកគិតទៀត រហូត​ដល់​ស្លាប់​ទៅ ។


កាលដែល​មិន​បាន​យល់ ឬនៅ​មិន​ទាន់​ដឹង​ថា លោក​ដែល ប្រាកដ​ផ្លូវ​ភ្នែក​នោះ​ជា​លោក​មួយ​ដោយ​ឡែក សភាវ​ធម៌​ជា​ធម៌ពិត ប្រាកដក្នុងលោក​ត្រចៀក​ដោយ​ឡែក លោក​ច្រមុះ​ដោយឡែក លោក​អណ្តាត​ដោយឡែក លោកកាយ​ដោយ​ឡែក និង សភាវ​ធម៌ ជាធម៌​ដែល​មាន​ពិត ក្នុងលោក​ចិត្ត​ដោយ​ឡែក​ទេ​នោះ បដិ​បត្តិ​ធម៌ មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ ។

ការបដិ​បត្តិក្នុង​ព្រះពុទ្ធ​សាសនា គឺនៅ​ត្រង់​ដែល​ថា បានយល់​ត្រឹម​ត្រូវ​ចំពោះ​​លក្ខណៈនៃសភាវធម៌ ជាធម៌ពិត ក៏ជាសង្ខារក្ខន្ធ​តាក់តែង​ឱ្យ​សតិ​ថ្នាក់​​សតិ​​ប្បដ្ឋាន​កើត ឡើង ហើយបញ្ញាក៏​ចាប់ផ្តើម​ពិចារណា​ដឹង​លក្ខណៈ​នៃសភាវធម៌ ដែលកំពុងប្រាកដ ព្រមទាំងដឹងច្បាស់ថា ធម៌ពិត​ដែល​មា​ន​ពិត​ៗ នោះ ត្រូវនឹងព្រះធម៌​ដែលព្រះ​សម្មា​សម្ពុទ្ធទ្រង់ត្រាស់​សម្តែង​គ្រប់ ប្រការ ។


អស្ចារ្យណាស់​ដែលខ្លួន​យើងម្នាក់ បែរទៅជា​ធម៌ពិតប្រាកដ ជាលោក ៦ ផ្សេង​គ្នា រកសត្វ រក​បុគ្គល រកខ្លួន​យើង​ក្នុង​លោក ៦ មិន​មានឡើយ ។ ព្រោះ​​ហេតុ​​ដូច្នោះ មុនដំបូង​បំផុត ត្រូវកុំទាន់ទៅធ្វើធម៌ បដិបត្តិ​ធម៌អ្វី​ទាំង​អស់ ត្រូវ​យល់​លក្ខណៈនៃ​សភាវ​ធម៌ ដែល​ជាធម៌ ពិត ប្រាកដ​ផ្លូវ​ភ្នែក ត្រចៀក​ ច្រមុះ អណ្តាត កាយ ចិត្ត ជាមុន សិន ព្រោះ​ខណៈ​បដិ​បត្តិ​នោះ​មិន​មែន​ជាយើងឡើយ គឺជាសភាវ​ធម៌មួយ​បែបៗ ដូចជា​សតិជា​សភាវ​ធម៌​ម៉្យាង​ បញ្ញាជា​សភាវ​ធម៌ ម៉្យាង​ទៀត រីឯ​វីរិយៈ​ក៏ជា​សភាវ​ធម៌​ម៉្យាង​ផ្សេង​ទៀត​ដែរ ។ 

ក្នុង ខណៈបដិ​បត្តិនោះ មាន​សភាវធម៌​ច្រើន​យ៉ាង​កើត​​រួម​គ្នា កាល​បើ មិន​ដឹង ក៏​គិត​ថាយើង​ជា​អ្នក​បដិបត្តិ ប៉ុន្តែ​តាម​ពិត គឺជា​សភាវ​ធម៌ ដែល​មាន​សភាព​យ៉ាង​នោះ​ឯង កើត​ឡើង​បដិ​បត្តិ​កិច្ច​នៃ​ធម៌​នោះ​ៗ រៀង​ៗខ្លួន ។ ខណៈ​​នេះ​​ចិត្ត​កំពុង​បដិ​បត្តិ​​កិច្ច​របស់​ចិត្ត គឺ​ឃើញ ជា​​ដើម ខណៈ​ដែល​ឃើញ​នេះ​ឯង ជាចិត្តដែល​កើតឡើង​ធ្វើកិច្ច ឃើញ ហៅ​ថា​ ចក្ខុ​វិញ្ញាណ ។ ហៅ​ចិត្តថា​វិញ្ញាណ​ក៏​បាន ប៉ុន្តែ ព្រោះ​ចិត្តមាន​ច្រើ​នបែប​ច្រើន​យ៉ាង ដូចជា​ចិត្តឃើញ​ត្រូវអាស្រ័យ ភ្នែកជា​បច្ច័យ ទើបកើត​ឡើងធ្វើកិច្ច​ឃើញទៅបាន ដូច្នេះ​ទើប ហៅចិត្តនេះ​ថា​ចក្ខុវិញ្ញាណ ។

ត្រូវយល់នូវ​សភាវ​ធម៌ទាំងអស់នេះជា​មុន ទើបអាច​ដឹង បាន​ថា សភាវ​ធម៌​ដែលជា​តួយល់​ត្រឹម​ត្រូវ​នេះ​ឯង ជា​សង្ខារ​ក្ខន្ធ ដែល​នឹង​ធ្វើឱ្យ​កើត​សភាវ​ធម៌​ជាតួ​យល់​នេះ កើត​ឡើង ចម្រើន ឡើង​ថែម​ទៀត ។

កាលដែលបានស្តាប់ហើយពិចារណាសភាវធម៌ ដែលកើតឡើង ដោយ​បញ្ញា​ដ៏​ប្រពៃ​ច្រើន​ឡើង​ៗ រហូត​ទាល់​តែ មាន​សតិ​រលឹក​បាន ដូច​ជា​កំពុង​ឃើញ​ជា​ប្រ​ក្រតី​ធម្មតា ក៏​រលឹកដឹង ថា សភាវៈ​ឃើញ​គឺជា​សភាវៈដឹង​អារ​ម្មណ៍ ជា​ចិត្តមិន​មែន​យើង ជាបរមត្ថ​​ដែល​មាន​ពិត​ប្រាកដ មិនមែន​អត់​មាន​សភាវៈ​អ្វី​សោះ មាន​តែយើង​ជាអ្នក​ឃើញ​នោះ​ទេ តាម​ពិត យើង​ហ្នឹង​ហើយ​ដែល​ អត់​មាន តែការឃើញ​ជាសភាវៈមួយ​បែប ជាសច្ច​ធម៌ ។


ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។
ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម