សូមជូនដំណឹងដល់ ពុទ្ធបរិសទ័ លោកតា លោកយាយ លោកពូ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ដែលមានបំណងចង់បញ្ចូល ព្រះធម៌ រឺ ព្រះត្រៃបិដក ចូលទៅក្នុងទូរសព្ទ័ដៃ iPhone, iPod, iPad និង ទូរសព្ទ័ Android,Tablet ​ឲ្យបានជ្រាបថាៈ ខ្ញុំបាទទទួលបញ្ចូល និងCopyជូនជាធម្មទានដោយឥតគិតថ្លៃ (Free)។ សូមទំនាក់ទំនង ឧបាសក ឡាង សុភក្រ័  ទូរសព្ទ័លេខ 978-855-8889 សូមប្រគេនបុណ្យនិងសូមជូនបុណ្យ ... ។

យល់ដឹង​ធម៌ពិត

បើមិន​បានយល់​ដឹងធម៌​ពិត ដែលប្រាកដ​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក្នុង​ខណៈនេះ​ឱ្យបាន​ត្រឹម​ត្រូវ​តាម សេច​ក្តី​ពិតទេ គឺមិន​អាច​បដិ​បត្តិ​ធម៌​បានឡើយ ។ មិន​មាន​អ្នកណា​បដិ​បត្តិធម៌ បានទេ បើមិន​បាន​យល់ មិន បាន​ដឹង​ថា អ្វីជា​ធម៌​ពិត ហើយ​ធ​ម៌ពិត​កើត​ប្រាកដ​នៅ​ទី​ណា​ទេនោះ ។ 
ដូច្នេះ ចាប់​ផ្តើម​មុន​អ្វី​​ៗ​ទាំង​អស់ គឺ​សិក្សា​ស្តាប់​ឱ្យ​បាន យល់​ថា បដិ​បត្តិគឺអ្វី ។ កុំឱ្យ​យល់​ច្រឡំ​ថា​បដិបត្តិ​បានសេចក្តីថាធ្វើ ក៏ចេះ​តែ​ធ្វើ​ៗទៅ ឱ្យ​តែ​បាន​​ពាក្យថា​ធ្វើធម៌​ដែរ​នោះ ការ​អប់រំ ចម្រើន​បញ្ញាមិន​មែន​ដូច្នោះ​ឡើយ ។ កំពុង​​​ឃើញ​ខណៈ​នេះ មាន សភាវ​ធម៌​ប្រាកដ​ផ្លូវ​ភ្នែក ជា​ធម៌​​ដែល​មាន​ពិត​ៗ​ ។ ខណៈ​​ឮមាន សំឡេង ហើយ​មានអាការ​ដឹង​សំឡេង​ទៀត ជា​បរមត្ថ ជា​ធម៌ ដែល​​មាន​ពិត ធ្វើកិច្ចធ្វើនាទី​ទៀតផង ។ 
ប្រសិនបើ មិន​មាន​ធម៌​ ពិតដែលមានពិតៗទេ តើអ្វីដឹង​ក្លិន ហើយបើ​អត់​ក្លិន​ទេ​បានអ្វីមក ឱ្យធុំ ដូច្នេះ​ដឹង​ក្លិន​ធម្មតា​ៗ តែ​នេះ​ជា​ធម៌​ដែល​មាន​ពិត ធម៌​ជា បរមត្ថ​មិន​មែន​សត្វ កើត​ហើយ​រលត់​រ​​លាយបាត់​ទៅវិញ ។

មានតែផ្លូវ​មួយគត់ គឺស្តាប់ពិចារណា​ឱ្យយល់​ធម៌ក្នុង​ខណៈ នេះ​ឯង ដឹង​រស​មាន​ពិត​នៅ​នឹង​អណ្តាត មិន​មែន​នៅ​នឹង​ភ្នែកឬ ត្រចៀក ឬក៏​នៅ​នឹង​ចុង​ដៃ​ចុង​ជើង​អ្វីឡើយ ។ ក្តៅប្រាកដ​ត្រង់ កាយ ក្តៅ​មាន​ពិ​ត ប៉ុន្តែជា​យើង​ដែរ​ឬ​ទេ​ ? កុំចេះ​តែ​ពី​យើង​គ្រុន យើង​ឈឺ យើង​ក្តៅខ្លួន​នោះ តើក្តៅ​ជា​តួ​ខ្លួន​យើង​យ៉ាង​ម៉េច​ទៅ រលឹក​ឱ្យ​ឃើញ​ធម៌ពិត​ទៅ​មើល៍ ។
ធាតុត្រជាក់​ប្រាកដ​ត្រង់​កាយ ត្រជាក់​ពី​ក្រៅ​មក​ក្តី ត្រជាក់​កើត​ខាង​ក្នុងក្តី គឺជា​ធាតុ​ត្រជាក់​ពិតៗ តើខ្លួន​យើង​នៅឯ​ណា ? ឯការ​ដឹង​ផោដ្ឋព្វៈ​នោះ​ៗ ជា​នាម​ធម៌ មួយ​បែប​ប៉ុណ្ណោះ ដឹង​ក្នុង​ផុស្សន​កិច្ច គឺកិច្ច​ប៉ះពាល់​ហើយ​ក៏​រលត់ ទៅ ។ តឹង​ញ័រ​ប្រាកដត្រង់​កាយ រឹង​ទន់ប្រាកដ​ត្រង់​កាយ តើ​មាន យើង​ក្នុង​លោក​កាយ​នេះដែរឬ​ទេ ? លោក​កាយគឺជា​កាយ​ប្បសាទ មាន​សុទ្ធ​តែ​សភាវ​ធម៌​ពិត លោក​ភ្នែក លោក​ត្រចៀក លោក​ច្រ​មុះ លោក​អណ្តាត និង លោក​ចិត្ត សុទ្ធតែ​សភាវ​ធម៌​ពិត ជា​តួ​បរមត្ថ ពិត ធ្វើកិច្ចតាម​ភាព​នៃ​ធម៌​នោះ​ៗ សត្វ​បុគ្គល​តួខ្លួន​ជា​អ្នក​ធ្វើកិច្ច ទាំង​នោះ មិន​មាន​ឡើយ ។

បើមិន​ដឹង​សេចក្តីពិត​នៃធម៌​ជា​បរមត្ថ ជា​ប្រក្រតី​ធម្មតា គឺ វាមាន​តែ​សេច​ក្តី​សម្គាល់​ថា មាន​យើង មាន​គេ ដូច្នេះ បដិ​បត្តិ​ធម៌ មិន​កើត​ឡើង​ឡើយ ព្រោះ​មិន​មែន​យើង​ឬតួខ្លួន​យើង​ជាអ្នក​បដិ​បត្តិ ឬ​ជា​អ្នកឱ្យ​ធម៌​បដិ​បត្តិ​កើត​ឡើង​នោះ​ទេ ។
បរិយត្តិ គឺសិក្សា​ឱ្យយល់​លក្ខណៈនៃ​សភាវ​ធម៌​ជា​ធម៌ពិត ដែល​មាន​ពិតៗ ដែល​កំពុង​ប្រាកដ​ក្នុងខណៈ​នេះ ។ ធម៌​ពិតក្នុង លោក ៦ ជា​ប្រក្រតី អត់ត្រូវ​ទៅ​ស្វែង​​រក​ធម៌​ពិត​ក្នុង​ទី​ដទៃ​ណា ឡើយ ខណៈ​នេះ​ក៏មានធម៌​​ពិត​កំពុង​ប្រាកដ​ ធម៌អ្វីក៏​បានដែរ មិន សំខាន់​​នៅ​ត្រង់ធម៌​នេះ​ឬធម៌​នោះ​ឡើយ ស្រេច​ហើយ​តែធម៌ពិត នោះជា​ប​រមត្ថប្រាកដ​ដល់​បញ្ញា ។
មានពុទ្ធបរិស័ទ​ខ្លះទាំងបព្វជិត ទាំងគ្រហស្ថ ស្វែងរក​ធម៌​ទៅ​​តាម​​​កន្លែង​ផ្សេង​​ៗ ទាំងក្នុងស្រុក ទាំងក្រៅស្រុក លុះដល់​បាន​សិក្សា​ព្រះ​ធម៌​យល់​អំពី​ធម៌​ពិត ក៏ដឹង ថា ទាន់ពេលដែលបើក​ភ្នែក​ភ្ញាក់​ឡើង ក៏មានធម៌ពិតប្រាកដ រហូត​ ដល់សិង​លក់ សម្រាន្ត​លក់​ទៅវិញ ។ 


ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។
ដកស្រង់ចេញពីគេហទំពរ័ http://5000-years.org

ព័ត៌មាន​បន្ថែម